រឿងអាថ៌កំបាំងស្នេហ៍ (Mystery of Love)
និទានដោយខ្ញុំបាទ ពៅ តារា
ភាគ០៣
នាង បទុម មានអារម្មណ៍រំភើបក្តុកក្តួលក្នុងចិត្តឥតឧបមា តាំងពីពេលដែលបានជួបបុរសជំទង់ដ៏ស្រស់សង្ហារនោះមក ដោយគេងមិនលក់បកមិនរហើយអស់ជាច្រើនរាត្រី។ យប់មួយ នាងអង្គុយគិតស្រមើស្រម៉ៃ សញ្ជឹកសញ្ជឹងសំឡឹងមើលមេឃជាមួយហ្វូងផ្កាយដ៏ស្រស់បំព្រងដែលចែងចាំងពន្លឺភ្លីភ្លេកពាសពេញមេឃាមករកនាង។ រីឯក្រឡេកមើលទៅព្រះចន្ទយ៉ាងមូលក្រឡង់វិញ វាហាក់ដូចជាកំពុងបញ្ចេញសាមញញឹមដ៏Cuteមករកនាងអ៊ីចឹងដែរ។ ប្រៀបដូចជាការផ្តល់កំលាំងចិត្ត និងក្តីសង្ឃឹមមកឲ្យនាងអញ្ចឹង។ ក្រោយពេលអង្គុយគិតនឹកមមីមួយសន្ទុះមក។
“តើខ្ញុំកំពុងគិតរវើរវាយស្អីនឹង?” បទុមសួរខ្លួនឯង
ពេលនោះ នាងបានប្រាប់ខ្លួនឯងថា ឈប់គិតទៀតទៅ! វាមិនបានប្រយោជន៍អីទេ! វាមិនអាចកើតឡើងបានទេ!
រំពេចនោះ នាងហាក់ដូចជាលឺសំឡេងអ្វីម្យ៉ាងមកប្រាប់នាងថា ត្រូវហើយ! ឈប់គិតរវើយរវាយដោយឥតមានសកម្មភាពទៅ! ហើយក៏បន្តទៀតថា ប្រសិនបើអ្នកស្រលាញ់អ្នកណាម្នាក់ អ្នកត្រូវចេះចាប់យកឳកាសកុំឲ្យវារំលងផុតទៅដោយម្ម៉ងសៅ។ ពោលគឺ ប្រសិនបើអ្នកធ្វើខុស អ្នកត្រូវហ៊ានសារភាពរាល់កំហុសនោះ ផ្ទុយទៅវិញប្រសិនបើធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកណាម្នាក់ហើយ អ្នកត្រូវហ៊ានសារភាពទៅគេ ព្រោះការស្រលាញ់មិនមែនជាកំហុសទេ។ ពេលធ្វើខុស យើងនៅហ៊ានសារភាពបាន ចុះទម្រាំក្តីស្រលាញ់មិនមែនជាកំហុសឯណា។ “ហេតុអ្វីយើងមិនអាចសារភាពបាន?”
“តើសំឡេងមកពីណា?” បទុម ឆ្ងល់។
នាងខំដើរសំឡឹងរកមើលគ្រប់ទិសទីពេញបន្ទប់ តែមិនឃើញមានមនុស្សសោះ។ ទើបក្រោយនាងក្រឡេងមើលទៅលើមេឃ ហើយនាងគិតថា ប្រហែលជាសំឡេងនេះ ព្រះច័ន្ទជាអ្នកបន្លឺមករកនាងហើយមើលទៅ។ លុះមកសន្ទុះក្រោយមក នាងបានយកសំដីនោះមកគិតព្រមជាមួយនឹងក្តីសង្ឃឹមញញឹមក្នុងចិត្ត ហើយមិនបានយូរប៉ុន្មានផង។ នាងក៏ចូលគេងដោយសេចក្តីស្ងប់សុខនារាត្រីនោះ។ លុះដល់ព្រឹកឡើង បទុម បានក្រោកពីដំណេកដូចសព្វមួយដង ហើយបន្តរៀបចំខ្លួនទៅសាលាដោយទឹកមុខស្រស់បស់ញញឹមប្រិមប្រ័យ។ ពេលទៅដល់សាលា៖
“យី! សំឡាញ់, ទឹកមុខរបស់ឯងដូចជាស្រស់បស់ម៉្លេះថ្ងៃនេះវើយ” មិត្តសំឡាញ់របស់នាងបទុម គឺនាង វត្តី បានសួរ។
“អឺ! គ្មានស្អីទេ! ប្រសិនមកពីគ្នាបានគេងលក់ដ៏ស្កប់ស្គាល់នៅយប់ម៉ិញ” បទុម បានឆ្លើយព្រមជាមួយនឹងស្នាមញញឹម។
“ឯងប្រកដហើយថាគ្មានអ្វីលាក់បាំងគ្នានោះ!” វត្តីសួរ។
“ចាស! គ្មានទេ!” នាង បទុមឆ្លើយដោយភ្នែកក្រឡេបក្រឡាប់។
“ឯង! កុហកគ្នាហើយបទុម! គ្នាទើបតែស្គាល់ឯងមែនពិត តែគ្នាយល់ចិត្តឯងច្បាស់ណាស់” វត្តីនិយាយបន្ត!
បន្ទាប់ពីសួរដេញដោលគ្នាមួយសន្ទុះមុនពេលចូលរៀននោះ។ បទុម ក៏ដាច់ចិត្តប្រាប់មិត្តសំឡាញ់របស់នាង ដោយបានរ៉ាយរ៉ាប់ប្រាប់ដំណើរដើមទងទាំងអស់ទៅវត្តី ហើយអោយវត្តីសន្យាថាមិនប្រាប់រឿងនេះទៅអ្នកណាទៀត។ ហើយវត្តីក៏យល់ព្រម។ មួយសន្ទុះក្រោមមក សំលេងជួងក៏បានបន្លឺឡើង មឺងៗៗៗ... អស់រយៈពេលបីដង។ ក្រោយពេលគោរពទង់ជាតិរួចរាល់ហើយ ពួកនាង និងសិស្សនុសិស្សឯទៀតក៏ប្រញាប់ប្រញាល់ចូលថ្នាក់រៀនរៀងៗខ្លួន។
នៅពេលចេញលេងម្តងៗ ពេលនាងបានឃើញបុរសក្នុងក្តីសុបិន្តនាងដើរកាត់ថ្នាក់រៀនរបស់នាងម្តងៗ ចិត្តនាងញ៉ាប់ញ័ររកថ្លែងអ្វីមិនចេញទល់តែសោះ។ ពិសេស ពេលនាងបាននៅក្បែរ និងវាចារផ្តោះផ្តង់ជាមួយកំលោះជាសិស្សរៀមច្បងរូបនោះម្តងៗ ហើយនាងពិតជាត្រេកអរមែនទែន ពេលឃើញបុរសកំពូលស្នេហ៍ក្នុងដូងចិត្តរបស់នាងធ្វើរឿងល្អៗជាច្រើនមកលើនាង។
ប៉ុន្តែក្រោយមក អ្វីៗកន្លងទាំងប៉ុន្មានធ្វើអោយនាងខូចចិត្ត និងឈឺចិត្តស្អិតទ្រូងនិយាយមិនចេញត្រឹមតែមួយប្រព្រិចភ្លែកប៉ុណ្ណោះ ក្រោយពេលរឿងគ្រប់យ៉ាងត្រូវបានលាតត្រដាងការពិតអត់លាក់លាមនៅថ្ងៃមួយ។
សូមរង់ចាំតាមតានអានភាគ០៤ ដែលជាភាគបន្ត!
No comments:
Post a Comment