Tuesday, September 6, 2016

រឿងអាថ៌កំបាំងស្នេហ៍​ | Mystery of Love _ Part 03

រឿងអាថ៌កំបាំងស្នេហ៍ (Mystery of Love)
និទានដោយខ្ញុំបាទ ពៅ តារា
ភាគ០៣
 នាង បទុម មានអារម្មណ៍រំភើបក្តុកក្តួលក្នុងចិត្តឥតឧបមា តាំងពីពេលដែលបានជួបបុរសជំទង់ដ៏ស្រស់សង្ហារនោះមក ដោយគេងមិនលក់បកមិនរហើយអស់ជាច្រើនរាត្រី។ យប់មួយ នាងអង្គុយគិតស្រមើស្រម៉ៃ សញ្ជឹកសញ្ជឹងសំឡឹងមើលមេឃជាមួយហ្វូងផ្កាយដ៏ស្រស់បំព្រងដែលចែងចាំងពន្លឺភ្លីភ្លេកពាសពេញមេឃាមករកនាង។ រីឯក្រឡេកមើលទៅព្រះចន្ទយ៉ាងមូលក្រឡង់វិញ វាហាក់ដូចជាកំពុងបញ្ចេញសាមញញឹមដ៏Cuteមករកនាងអ៊ីចឹងដែរ។ ប្រៀបដូចជាការផ្តល់កំលាំងចិត្ត និងក្តីសង្ឃឹមមកឲ្យនាងអញ្ចឹង។ ក្រោយពេលអង្គុយគិតនឹកមមីមួយសន្ទុះមក។  
    “តើខ្ញុំកំពុងគិតរវើរវាយស្អីនឹង?” បទុមសួរខ្លួនឯង
    ពេលនោះ នាងបានប្រាប់ខ្លួនឯងថា ឈប់គិតទៀតទៅ! វាមិនបានប្រយោជន៍អីទេ! វាមិនអាចកើតឡើងបានទេ!
    រំពេចនោះ នាងហាក់ដូចជាលឺសំឡេងអ្វីម្យ៉ាងមកប្រាប់នាងថា ត្រូវហើយ! ឈប់គិតរវើយរវាយដោយឥតមានសកម្មភាពទៅ! ហើយក៏បន្តទៀតថា ប្រសិនបើអ្នកស្រលាញ់អ្នកណាម្នាក់ អ្នកត្រូវចេះចាប់យកឳកាសកុំឲ្យវារំលងផុតទៅដោយម្ម៉ងសៅ។ ពោលគឺ ប្រសិនបើអ្នកធ្វើខុស អ្នកត្រូវហ៊ានសារភាពរាល់កំហុសនោះ ផ្ទុយទៅវិញប្រសិនបើធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកណាម្នាក់ហើយ អ្នកត្រូវហ៊ានសារភាពទៅគេ ព្រោះការស្រលាញ់មិនមែនជាកំហុសទេ។ ពេលធ្វើខុស យើងនៅហ៊ានសារភាពបាន ចុះទម្រាំក្តីស្រលាញ់មិនមែនជាកំហុសឯណា។ “ហេតុអ្វីយើងមិនអាចសារភាពបាន?”
    “តើសំឡេងមកពីណា?” បទុម ឆ្ងល់។
    នាងខំដើរសំឡឹងរកមើលគ្រប់ទិសទីពេញបន្ទប់ តែមិនឃើញមានមនុស្សសោះ។ ទើបក្រោយនាងក្រឡេងមើលទៅលើមេឃ ហើយនាងគិតថា ប្រហែលជាសំឡេងនេះ ព្រះច័ន្ទជាអ្នកបន្លឺមករកនាងហើយមើលទៅ។ លុះមកសន្ទុះក្រោយមក នាងបានយកសំដីនោះមកគិតព្រមជាមួយនឹងក្តីសង្ឃឹមញញឹមក្នុងចិត្ត ហើយមិនបានយូរប៉ុន្មានផង។ នាងក៏ចូលគេងដោយសេចក្តីស្ងប់សុខនារាត្រីនោះ។ លុះដល់ព្រឹកឡើង បទុម បានក្រោកពីដំណេកដូចសព្វមួយដង ហើយបន្តរៀបចំខ្លួនទៅសាលាដោយទឹកមុខស្រស់បស់ញញឹមប្រិមប្រ័យ។  ពេលទៅដល់សាលា៖
    “យី! សំឡាញ់, ទឹកមុខរបស់ឯងដូចជាស្រស់បស់ម៉្លេះថ្ងៃនេះវើយ” មិត្តសំឡាញ់របស់នាងបទុម គឺនាង វត្តី បានសួរ។
    “អឺ! គ្មានស្អីទេ! ប្រសិនមកពីគ្នាបានគេងលក់ដ៏ស្កប់ស្គាល់នៅយប់ម៉ិញ” បទុម បានឆ្លើយព្រមជាមួយនឹងស្នាមញញឹម។
    “ឯងប្រកដហើយថាគ្មានអ្វីលាក់បាំងគ្នានោះ!” វត្តីសួរ។
    “ចាស! គ្មានទេ!” នាង បទុមឆ្លើយដោយភ្នែកក្រឡេបក្រឡាប់។
    “ឯង! កុហកគ្នាហើយបទុម! គ្នាទើបតែស្គាល់ឯងមែនពិត តែគ្នាយល់ចិត្តឯងច្បាស់ណាស់” វត្តីនិយាយបន្ត!
    បន្ទាប់ពីសួរដេញដោលគ្នាមួយសន្ទុះមុនពេលចូលរៀននោះ។ បទុម ក៏ដាច់ចិត្តប្រាប់មិត្តសំឡាញ់របស់នាង ដោយបានរ៉ាយរ៉ាប់ប្រាប់ដំណើរដើមទងទាំងអស់ទៅវត្តី ហើយអោយវត្តីសន្យាថាមិនប្រាប់រឿងនេះទៅអ្នកណាទៀត។ ហើយវត្តីក៏យល់ព្រម។ មួយសន្ទុះក្រោមមក សំលេងជួងក៏បានបន្លឺឡើង មឺងៗៗៗ... អស់រយៈពេលបីដង។ ក្រោយពេលគោរពទង់ជាតិរួចរាល់ហើយ ពួកនាង និងសិស្សនុសិស្សឯទៀតក៏ប្រញាប់ប្រញាល់ចូលថ្នាក់រៀនរៀងៗខ្លួន។
    នៅពេលចេញលេងម្តងៗ ពេលនាងបានឃើញបុរសក្នុងក្តីសុបិន្តនាងដើរកាត់ថ្នាក់រៀនរបស់នាងម្តងៗ ចិត្តនាងញ៉ាប់ញ័ររកថ្លែងអ្វីមិនចេញទល់តែសោះ។ ពិសេស ពេលនាងបាននៅក្បែរ និងវាចារផ្តោះផ្តង់ជាមួយកំលោះជាសិស្សរៀមច្បងរូបនោះម្តងៗ ហើយនាងពិតជាត្រេកអរមែនទែន ពេលឃើញបុរសកំពូលស្នេហ៍ក្នុងដូងចិត្តរបស់នាងធ្វើរឿងល្អៗជាច្រើនមកលើនាង។
    ប៉ុន្តែក្រោយមក អ្វីៗកន្លងទាំងប៉ុន្មានធ្វើអោយនាងខូចចិត្ត និងឈឺចិត្តស្អិតទ្រូងនិយាយមិនចេញត្រឹមតែមួយប្រព្រិចភ្លែកប៉ុណ្ណោះ ក្រោយពេលរឿងគ្រប់យ៉ាងត្រូវបានលាតត្រដាងការពិតអត់លាក់លាមនៅថ្ងៃមួយ។

សូមរង់ចាំតាមតានអានភាគ០៤ ដែលជាភាគបន្ត!

Sunday, September 4, 2016

រឿងអាថ៌កំបាំងស្នេហ៍​ | Mystery of Love _ Part 02

អាថ៌កំបាំងស្នេហ៍ (Mystery of Love)
និទានដោយខ្ញុំបាទ ពៅ តារា
ភាគ០២

ក្រោយពេលបានទៅសិក្សានៅអនុវិទ្យាល័យនោះបានមួយរយៈ នាង បទុម ហាក់ដូចមានទឹកចិត្ត​សប្បាយ​រីករាយមែនទែនសម្រាប់ការឆ្នាំសិក្សាថ្មី ២០០៦-២០០៧ របស់នាងជាមួយនឹងមិត្តភ័ក្រ្តថ្មី​ប្រុសស្រីរបស់នាងក្នុងការសិក្សាចំណេះដឹងទូទៅដ៏ស៊ីជម្រៅមួយកម្រិតទៀត ដែលធ្វើអោយ​នាង​ជក់ចិត្តដិតអារម្មណ៍ក្នុងការក្រេបយកចំណេះដឹងថ្មីៗជាមួយលោកគ្រូអ្នកគ្រូយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ វាហាក់ដូចពិភពលោកដ៏ថ្មីមួយសម្រាប់នាងក្នុងការឈានជើងចូលមកដល់នៅសាលាដ៏ល្អស្រស់បំព្រងមួយនេះ ដែលពីមុនឡើយ នាងមិនដែលនឹងគិត ឬនឹកស្មានដល់នោះទេ។ វាហាក់ដូចខុសគ្នាពី​កាលដែលនាងមកដល់សាលានេះដំបូង។ នាងពិតជាមានអារម្មណ៍ថា ឯកកោណាស់។ តែអ្វីគ្រប់យ៉ាងបានផ្លាស់ប្តូរស្ថានការណ៍ដ៏លំបាកតានតឹងមួយនោះ ក្រោយពេលមួយរយៈ។ នាងរៀនប្រឈមមុខនឹងអ្វីដែលនាងកំពុងតែជួប ហើយដើរឆ្ពោះទៅមុខដោយឥតមានងាករេ។ ទោះបីជា ការធ្វើដំណើររបស់នាងហាក់ដូចមិនសូវងាយស្រួលក៏ពិតមែន តែនាងរីករាយ​នឹងខ្សែជីវិតបែបនេះ។ ជារៀងរាល់ថ្ងៃ នាងតែងក្រោកពីដំណេកពីព្រលឹមម៉ោង៥ទាបភ្លឺ ដើម្បីស្រុះស្របអាហារពេលព្រឹត្ត និងរៀបចំខ្លួនមុននឹងចេញ​ដំណើរទៅសលាររៀន​អោយ​ទាន់ពេល។ ព្រោះ នាងត្រូវចេញពីផ្ទះនៅម៉ោងប្រហែល៦ព្រឹក ដើម្បីទៅអោយដល់សាលារៀន​នៅម៉ោងជិត៧។ បើមិនដូច្នោះទេ ប្រសិនបើនាងទៅដល់យឺត ឬមិនទាន់ពេលគោរពទង់​ជាតិ​នោះ​ទេ គឺច្បាស់ណាស់ ថានាងនឹងត្រូវទទួលពិន័យពិតជាមិនខានឡើយ។ ទោះបីជា នាងជាមនុស្ស​រហ័សរហួន​យ៉ាងនេះក្តី តែមានថ្ងៃមួយនាងត្រូវបានទទួល​ពិន័យអោយដងទឹកស្រោចផ្កានៅ​បរិវេណ​សាលាចំនួន៥ឡាំង ព្រោះតែនាងបានមកសាលាយឺតប្រហែកកន្លះម៉ោង ដោយសារ​ថ្ងៃនៅ​ម៉ូតូ​របស់នាងបានបែកកង់តាមផ្លូវដោយធ្វើដំណើរពីទិសខាងកើតលិច។ ពោលគឺ ធ្វើ​ដំណើរ​ពី​ផ្ទះរបស់នាងទៅសាលារៀនពីព្រលឹមចេញ ហើយព្រលប់ចូល។ ថ្ងៃនោះហើយ បានធ្វើ​អោយ​នាងមិនអាចបំភ្លេចបានព្រោះថ្ងៃនោះបានភ្លក់រសជាតិល្វីងជូរចត់ជាលើកដំបូងនៅឯសាលារបស់នាង។ តែមិនបានប៉ុន្មាននាទីផង អ្វីៗបានប្រែជាស្រស់បំព្រងទៅវិញ ភាពល្វីងជូរចត់បាន​បន្សាប​បន្តិច​ម្តងៗ​ជាមួយភាពផ្អែមល្ហែងឡែមៗលាយលំដោយអារម្មណ៍ពុះកញ្ច្រូល និងភ័យផងអរផង ដោយស្ទើរតែហាស្តីមិនរួច ហើយបិទមាត់មិនជិត។ ពពកខ្មៅប្រែក្លាយជាពពកស មេឃ​ស្រទុំ​បែរ​ជា​ស្រឡេះ ផ្កាស្រពោនបែរជារីកស្គុះស្គៀយ ដើមឈើក្រៀមស្វឹតបែរជាបៃតងខ្ចី។ ថ្ងៃនោះ មានសិស្សជាច្រើនបានមកយឺតដូចនាង បទុម ដែរ ម្ល៉េះហើយអ្នកគ្រប់គ្នាត្រូវ​ទទួល​ពិន័យ​ដូចៗ​គ្នា។ ពេលនាងចូលទៅដល់ថ្នាក់រៀន នាងបានអង្គុយតុជាមួយមិត្តរួមថ្នាក់របស់នាងដូចសព្វដង តែនាងអង្គុយបណ្តើរ និយាយបណើរទៅកាន់មិត្តរបស់នាងថា ថ្ងៃនេះគ្នាពិតជាសួយណាស់។
មិត្ត​ភ័ក្រ្តនាង បទុម គឺឈ្មោះនាង វត្តី បានសួរនាងថា តើហេតុអ្វីបានជាឯងមករៀនយឺតម៉្លេះថ្ងៃនេះ?
បទុម៖ ព្រោះតែម៉ូតូគ្នា វាបែកកង់តាមផ្លូវនឹងណា! ហើយមកដល់សាលា​ត្រូវសាលាដាក់​ពិន័យ​ទៀត។
វត្តី៖ តែទឹកមុខរបស់ឯងថ្ងៃនេះ ដូចជាស្លន់ស្លោរ ហើយមុខឯងឡើងក្រហមខុសពីធម្មតា តើឯងកើតអី សំឡាញ់?
បទុម៖ គ្នា! គ្មានអីឯណា! ប្រហែលមកពីគ្នា ត្រូវទទួលពិន័យអោយដង​ទឹក៥ឡាំង​ក្រោម​កណ្តាល​ថ្ងៃ​ហើយមើលទៅ។
វត្តី៖ មិនមែនអញ្ចឹងទេដឹងអី?
បទុម៖ ពិតមែនណា! ប៉ុន្តែតាម​ពិតទៅ កាលពីព្រឹកនោះ នាងបានជួបបុរសម្នាក់ បុរសរូបរាងសង្ហារ​ម្នាក់នោះបានមកសួរនាំនាងខណៈពេលដែលត្រូវទទួលពិន័យជាមួយគ្នា។ ដូច្នេះហើយ ធ្វើអោយ​នាង​ភ័យផងអរផងពេលខ្លួននាងមានបុរសសង្ហារដែលមានរូបខ្ពស់ សម្បូរស្រអែម​មក​ជិត​នាង​ដូច្នោះ។ វាហាក់ដូចជាធ្វើអោយអារម្មរណ៍របស់នាងអណ្តែងអណ្តូលលើវេហា។   
ប៉ុន្មានសប្តាហ៍ក្រោយមក...!