ក្រុមនិស្សិតកម្ពុជា និងក្រុមនិស្សិតថៃ ប្រមាណជាង ៣០នាក់
សហការគ្នាស្រាវជ្រាវគម្រោងចំនួន ៥ នៅក្នុងខេត្តកោះកុង
ដើម្បីស្វែងយល់ពីបញ្ហា និងទំនាក់ទំនងរបស់ប្រជាជនកម្ពុជា-ថៃ
នៅតំបន់ព្រំដែន។ លើសពីនេះ
ពួកគេចង់បង្ហាញពីតួនាទីយុវជនក្នុងការកសាងសន្តិភាពរបស់ប្រទេស
ទាំងពីរនៅពេលដែលអាស៊ានបង្កើតជាតំបន់តែមួយ ឬសមាហរណកម្មអាស៊ាន
នៅចុងឆ្នាំ២០១៥ ខាងមុខនេះ។
គម្រោងស្រាវជ្រាវនៅតាមបណ្ដោយបន្ទាត់ព្រំដែនរវាងក្រុមនិស្សិត
កម្ពុជា ដែលមកពីសាកលវិទ្យាល័យចំនួន ៦ នៅក្នុងរាជធានីភ្នំពេញ
និងក្រុមនិស្សិតថៃ ដែលមកពីសាកលវិទ្យាល័យ ម៉ាហ៊ីដល (Mahidol)
ដើម្បីស្រាវជ្រាវនៅក្នុងខេត្តកោះកុង និងខេត្តត្រាត
ផ្ដោតសំខាន់លើប្រធានបទចំនួន ៥ គឺការអប់រំ
ការសហការគ្នាក្នុងការធ្វើជំនួញរវាងពលរដ្ឋកម្ពុជា និងថៃ
អេកូ-ទេសចរណ៍ ការចំណាកស្រុក និងការនេសាទត្រី។
និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
និងជាអ្នកសម្របសម្រួលគម្រោងស្រាវជ្រាវនេះ លោក ផង់ ភិណន
បានឲ្យដឹងថា ការស្រាវជ្រាវរបស់ក្រុមនិស្សិតកម្ពុជា និងថៃ
ទទួលបានការគាំទ្រពីអង្គការក្តីករុណា និងសាកលវិទ្យាល័យ ម៉ាហ៊ីដល
ប្រទេសថៃ។ លោកឲ្យដឹងទៀតថា មូលហេតុដែលជ្រើសរើសខេត្តកោះកុង
ធ្វើជាខេត្តគោលដៅស្រាវជ្រាវ ព្រោះខេត្តនេះជាប់ព្រំដែន
និងប្រទេសថៃ កំពុងជួបប្រទះបញ្ហាជាច្រើន។ លោកថា ការស្រាវជ្រាវនេះ
គឺជាឱកាសឲ្យយុវជនស្វែងយល់ពីបញ្ហាកសាងសន្តិភាពរវាងប្រទេសទាំង
ពីរ៖ «គម្រោងនេះយើងចង់លើកកម្ពស់ឲ្យមានការស្វែងយល់ពីប្រជាជន
នៅក្នុងតំបន់
ពិសេសយើងចង់ឲ្យបង្ហាញដឹងពីតួនាទីរបស់ខ្លួនរវាងប្រទេសជិតខាងនៅ
ក្នុងតំបន់អាស៊ាន»។
សមាជិកស្រាវជ្រាវគម្រោងលើប្រធានបទចំណាកស្រុកដែលជាប្រធានបទមួយ
ក្នុងចំណោមប្រធានបទទាំង ៥ លោក ជួប សារៀម បានឲ្យដឹងថា
និស្សិតកម្ពុជា និងថៃ បានចែកចេញជា ៥ក្រុម
ដោយធ្វើការស្រាវជ្រាវរយៈពេល ២ខែ នៅក្នុងក្រុងខេមរភូមិន្ទ
ខេត្តកោះកុង និងច្រកព្រំដែនកម្ពុជា-ថៃ។ លោកបន្តថា ខេត្តកោះកុង
គឺជាខេត្តសេដ្ឋកិច្ចមួយដែលភ្ជាប់ទំនាក់ទំនងរវាងប្រទេសនៅក្នុង
តំបន់អាស៊ាន ប៉ុន្តែខេត្តនេះនៅតែជួបប្រទះបញ្ហាជាច្រើន
ពិសេសចំណាកស្រុកដោយខុសច្បាប់ជាដើម។
ដូច្នេះការកសាងសន្តិភាពរវាងប្រទេសទាំងពីរ
មុននឹងសមាហរណកម្មអាស៊ានមកដល់
ជារឿងសំខាន់ដែលទាមទារឲ្យមានកាចូលរួមពីយុវជន៖
«នៅពេលដែលយើងចូលជាសមាជិកអាស៊ាន ប្រជាជនកម្ពុជា
នឹងមានចំណាកស្រុកទៅមករវាងប្រទេសមួយទៅប្រទេសមួយ
ដូច្នេះការចំណាកស្រុកដោយស្របច្បាប់
គឺរឿងសំខាន់ដែលត្រូវតែធានាមានសុវត្ថិភាពរវាងប្រជាជនកម្ពុជា
ដើម្បីចៀសវាងបញ្ហាណាមួយ»។
ជាសមាជិកស្រាវជ្រាវលើប្រធានបទការធ្វើជំនួញរវាងប្រជាជនកម្ពុជា
និងថៃ ម្នាក់ទៀត កញ្ញា កេសា ជានិស្សិតសាកលវិទ្យាល័យភាសាបរទេស
បាននិយាយថា ថ្វីបើគម្រោងស្រាវជ្រាវនេះតូចក៏ពិតមែន
តែវាជាចំណែកមួយជួយកសាងសន្តិភាពរវាងប្រជាជនប្រទេសទាំងពីរឲ្យ
កាន់តែប្រសើរឡើង។ កញ្ញាថា
បើទោះប្រជាជនមានទំនាក់ទំនងល្អលើការដោះដូរពាណិជ្ជកម្ម
ក៏នៅតែមានភាពយឺតយ៉ាវលើការត្រួតពិនិត្យ
និងខ្វះការយកចិត្តទុកដាក់ពីសមត្ថកិច្ចព្រំដែន៖ «»។
ចំណែកឯមន្ត្រីកម្មវិធីដៃគូសន្តិភាពក្នុងតំបន់នៃអង្គការ
គណៈកម្មការសហរដ្ឋអាមេរិក លោក ឈិត មុន្នី យល់ថា
គម្រោងស្រាវជ្រាវតាមតំបន់ព្រំដែនរបស់និស្សិតទាំងពីរប្រទេសគឺជា
រឿងសំខាន់
ព្រោះបង្ហាញពីតួនាទីរបស់យុវជនដើម្បីកសាងសន្តិភាពរវាងគ្នាទៅវិញ
មក។ លោកបន្តថា ភាគច្រើន ពលរដ្ឋ
ពិសេសយុវជនតាមតំបន់ព្រំដែនតែងជួបបញ្ហាចំណាកស្រុក កង្វះការអប់រំ
ហើយបញ្ហាទាំងនេះនឹងរាំងស្ទះដល់ទំនាក់ទំនង
និងផលប្រយោជន៍របស់ប្រទេសទាំងពីរ
ដូច្នេះលោកលើកទឹកចិត្តយុវជនចំពោះសកម្មភាពណាដែលជួយកសាងសន្តិភាព
ជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន៖ «តួនាទីនៃការសហប្រតិបត្តិការរវាងប្រទេសនៅក្នុងតំបន់សំខាន់ណាស់ ជាជាងការគិតពីប្រដាប់អាវុធ ឬជាតិនិយមជ្រុល»។
ក្នុងគម្រោងការតាំងពិព័រណ៍
«តួនាទីរបស់យុវជនក្នុងការកសាងកិច្ចសហប្រតិបត្តិការសន្តិភាពអាស៊ាន»
ដែលបានរៀបចំឡើងនៅថ្ងៃទី២០ ខែមិថុនា នាទីក្រុងភ្នំពេញ
ក្រុមនិស្សិតកម្ពុជា និងថៃ
នឹងយកលទ្ធផលសិក្សារបស់ពួកគេចែករំលែកទៅកាន់យុវជនកម្ពុជា
និងយុវជនថៃ តាមរយៈយុទ្ធនាការសន្តិភាពនានា
ដើម្បីកសាងទំនាក់ទំនងប្រទេសទាំងពីរកាន់តែប្រសើរឡើង៕
Source: http://www.rfa.org/khmer/news/social-economy/cam-tha-students-join-research-project-06202015074150.html
No comments:
Post a Comment